កាលបរិច្ឆេទ: ០៩ មេសា ២០២៥ / សុខភាព / Author : ATH Sokren
សហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេលបានចូលរួមក្នុងឧបត្ថម្ភផលិតផលជាថ្នាំពេទ្យ និងផលិតផលខនហ្វីរេលសម្រាប់ធ្វើជាអំណោយដល់អ្នកឈ្នះក្នុងព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ (Run for Charity) ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី១៥ មីនា ឆ្នាំ២០២៥ ស្ថិតក្នុងបរិវេណនៃបុរីប៉េង ហួត បឹងស្នោ។ ព្រឹត្តិការណ៍នេះ បានទាក់ទាញ់ឱ្យមានអ្នកចូលរួមរហូតដល់ ១៦០០នាក់ មកពីវិស័យរដ្ឋ និងឯកជន ដែលក្នុងនោះមានការចូលរួមរត់ពីបុគ្គលិកប៉េប៉េអឹម និងខនហ្វីរេល ជាង ៣០នាក់ផង។
ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌នេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងគាំទ្រដល់សុខមាលភាពសង្គម។ ហើយសកម្មភាពនេះ មានការចូលរួមពីអត្ដពលិកអន្ដរជាតិមកពី១៧ ប្រទេស ផងដែរ។
យោងតាមប្រភពនៃក្រសួងព័ត៌មានព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌ (Run for Charity) នេះ ប្រមូលបានថវិកាសរុបចំនួន ១០០ លានរៀល ហើយថវិកាទាំងនេះត្រូវបានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មានប្រគល់ជូនប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជារួចហើយកាលពីថ្ងៃទី១៧ មីនា ដើម្បីចូលរួមចំណែកក្នុងគាំទ្រផ្នែកសុខុមាលភាពកុមារ និងទារក។
លោក តិច ស៊ីម៉ូ នាយកផ្នែកពាណិជ្ជកម្មក្នុងស្រុកនៃសហគ្រាសផលិតឱសថប៉េប៉េអឹមបានថ្លែងថា PPM និងក្រុមហ៊ុនConfirel ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួម និង គាំទ្រកម្មវិធី "រត់ដើម្បីមនុស្សធម៌" ដែលបានរៀបចំឡើងដោយក្រសួងព័ត៌មាន។
កម្មវិធីដ៏មានន័យនេះពិតជាសក្តិសមជាមួយបេសកកម្មក្រុមហ៊ុនយើងក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន ហើយក៏ជាសកម្មភាពសង្គមដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។ លោកបានបន្ថែមថា ប៉េប៉េអឹមបានចែកនៅថ្នាំលាបរឹត Kinal Baume ដើម្បីជួយសម្រួលបញ្ហាសាច់ដុំដែលអាចកើតមានចំពោះអ្នកដែលបានចូលរួមរត់ និងថ្នាំ Potenciator ដើម្បីជំនួយកម្លាំងជូនអ្នកចូលរួមទាំងអស់៕